| | |

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានដឹកនាំប្រតិភូលេខាធិការដ្ឋាន គ.ជ.ប.ទ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

នាថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានដឹកនាំប្រតិភូលេខាធិការដ្ឋាន គ.ជ.ប.ទ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។

ក្នុងកិច្ចពិភាក្សា ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ពីបំណងដ៏មុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការនគរបាលជាតិ ដែលជាស្ថាប័នដ៏មានសក្តានុពលរបស់ក្រសួងមហាផ្ទៃ ក្នុងការធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុចរិតភាព តម្លាភាព គណនេយ្យភាព និងការអនុវត្តវិន័យយ៉ាងតឹងរ៉ឹង បង្កើតការយល់ដឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តការ តាមការចង្អុលបង្ហាញរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការកំណែទម្រង់ដ៏ឈ្លាសវៃ និងមុតស្រួច ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទន្ទឹមនឹងការលើកកម្ពស់គោរពសិទ្ធិមនុស្ស គឺជាកិច្ចការអទិភាពបំផុត ដើម្បីធានាភាពកក់ក្តៅ និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តម បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖

១. ពង្រឹងការងារការពាសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលស្ថិតនៅក្រោមការឃុំឃ្លួន ការសួរចម្លើយ ការគ្រប់គ្រងរបស់អាជ្ញាធរមានសត្ថកិច្ចនគរបាល ព្រមទាំងលើកម្ពស់ការអនុវត្តវិធានការបង្ការទារុណកម្មជាក់ស្តែង។
២.ពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ ដោយមានយន្តការទំនាក់ទំនងច្បាស់លាស់រវាងលេខាធិការដ្ឋាន គ.ជ.ប.ទ និងអគ្គស្នងការនគរបាលជាតិ ការគាំទ្រការងារបង្ការទារុណកម្ម សហការរៀបចំវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ការចូលទៅពិនិត្យកន្លែងពាក់ព័ន្ធ ការពិនិត្យ និងតាមដានអនុសាសន៍។
៣.ការកសាងសមត្ថភាព និងវិជ្ជាជីវៈពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ការបង្ការទារុណកម្ម បច្ចេកទេសសួរចម្លើយដោយស្របច្បាប់ ការគ្របគ្រងអ្នកឃុំខ្លួន ការថែរក្សាឯកសារ និងកំណត់ត្រាដែលពាក់ព័ន្ធ ព្រមទាំងការឆ្លើយតបចំពោះបណ្តឹង ឬសញ្ញាណនៃការប្រព្រឹត្តមិនសមស្រប។
៤.យន្តការសម្របសម្រួល និងផែនការការងាររួម មានកិច្ចប្រជុំសម្របសម្រួលជាប្រចាំ ឬតាមតម្រូវការ ការកំណត់មន្រ្តីបង្គោល និងបណ្តាញទំនាក់ទំនងផ្លូវការ កម្មវិធីបណ្តុះបណ្តាល និងផ្សព្វផ្សាយចំណេះដឹង ការសហការផ្នែកបច្ចេកទេសសម្រាប់ការចុះពិនិត្យកន្លែងពាក់ព័ន្ធ ការតាមដានការអនុវត្តអនុសាសន៍ និងការរាយការណ៍លទ្ធផល ការផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនដេលបានរៀន ដោយគោរពច្បាប់ និងការរក្សាកាសម្ងាត់តាមការកំណត់។
៥.ការបញ្ជាក់ពីការសហការដោយស្មារតីស្ថាបនា រវាងលេខាធិការដ្ឋាន គ.ជ.ប.ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
៦.ស្នើសុំការគាំទ្រ និងការណែនាំ ពីឯកឧត្តម អគ្គស្នងការនគរបាលជាតិ ដោយបង្កើតចំណុចទំនាក់ទំនងសម្រាប់ការសម្របសម្រួលការងារ ការសហការរៀបចំវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ការសម្រួលសម្រួលសម្រាប់ការអនុវត្តសកម្មភាពតាមអាណត្តិរបស់ គ.ជ.ប.ទ ការពង្រឹងការឆ្លើយតប និងតាមដាន អនុសាសន៍ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ដែលអាជួយដល់ការបង្កាទារុណកម្ម និងកំណត់ទិសដៅសហការសម្រាប់រយៈពេលខាងមុខ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឱ្យ ប្រតិភូលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ចូលជួបពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀតរវាងស្ថានប័នទាំងពីរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត បន្តថា រាល់ការប្រព្រឹត្តទៅនៃនីតិវិធីឃាត់ខ្លួន ការសួរចម្លើយ និងការគ្រប់គ្រងជនសង្ស័យ គឺត្រូវបានអនុវត្តស្របតាមបទដ្ឋានគតិយុត្ត ធានាបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម និងស្របតាមគោលការណ៍អន្តរជាតិនៃ អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងទារុណកម្ម (UNCAT) និងពិធីសារបន្ថែមនៃអនុសញ្ញា (OPCAT) ដែលកម្ពុជាជារដ្ឋភាគី៕