| | |

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តព្រៃវែង បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម។

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តព្រៃវែង បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម។

(ព្រៃវែង) ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ លើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនមន្រ្តី សាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អមដោយ ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិក គ.ជ.ប.ទ និងមន្រ្តីជំនាញ ផ្នែកបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លេខាធិការដ្ឋាន នៃ គ.ជ.ប.ទ នៅសាលប្រជុំសាលាខេត្តព្រៃវែង ។ វគ្គបណ្ដុះបណ្ដាល នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជឹម សាវីន សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង លោកជំទាវ ឡុង គន្ធា អភិបាលរងខេត្ត ស្ថាប័នតុលាការ ពន្ធនាគារខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធសរុបចំនួន ៣០០រូប។

លោកជំទាវ ឡុង គន្ធា អភិបាលរងខេត្ត លើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមអរគុណដែលបានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង តាមរយៈកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដោយបានចូលរួមចំណែក ធ្វើឱ្យការងារប្រឆាំងទារុណកម្ម កាន់តែទទួលបានសម្រេចជោគជ័យបន្ថែមទៀត។

ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិក គ.ជ.ប.ទ បានមានប្រសាសន៍បើកកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងបានធ្វើការថ្លែងអណរគុណចំពោះការចូលរួមសហការរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបានជួយក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងអប់រំផ្សពផ្សាយនេះឡើង និងថ្លែងអំណរគុណ ដល់ គណៈអធិបតី និង ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនាថ្ងៃនេះ ដើម្បីស្វែងយល់អំពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម។

ថ្លែងនាឱកាសនោះ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានមានប្រសាសន៍បិទកម្មវិធី ដោយបានលើកឡើងថា មន្រី្តប្រតិបត្តិច្បាប់ ត្រូវអនុវត្តភារកិច្ចខ្លួន ឲ្យស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សអាចប្រើប្រាស់កម្លាំងបានតែក្នុងករណីចាំបាច់បំផុតសមហេតុផល។

ឯកឧត្តម ប្រធាន គ.ជ.ប.ទ គូសបញ្ជាក់ថា ក្នុងន័យនេះ គឺដើម្បីទប់ស្កាត់បទល្មើស មិនឲ្យប្រព្រឹត្តិការញុះញុង ឬបណ្តោយឲ្យមានការធ្វើទារុណកម្ម ឬប្រព្រឹត្តិកម្ម ឬដាក់ទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬយកបទបញ្ជាថ្នាក់លើមកធ្វើជាលេសឡើយ។

ឯកឧត្តម សៀង ឡាប្រេស្ស បន្ថែមថា ត្រូវធានាឲ្យបាននូវការការពារពេញលេញដល់សុខភាព របស់ជនដែលស្ថិតក្នុងការឃុំឃាំងរបស់ខ្លួន ជាពិសេសត្រូវចាត់វិធានការភ្លាមៗតាមការចាំបាច់ ដើម្បីធានាបង្ការ និងឈានដល់ការលុបបំបាត់ទាំងស្រុង នូវអំពើទារុណកម្ម ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕