| | |

ជំនួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងលេខាធិការដ្ឋាន គ.ជ.ប.ទ និង អគ្គនាយកដ្ឋានអន្តោប្រវេសន៍


ជំនួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងលេខាធិការដ្ឋាន គ.ជ.ប.ទ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍

នាថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ បានដឹកនាំមន្ត្រីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងកិច្ចពិភាក្សា ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ពីគោលបំណងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមប្រធាន បានលើកឡើងអំពីការរៀបចំដាក់ “ប្រអប់សំបុត្រសម្រាប់ដាក់ពាក្យបណ្តឹង” នៅតាមមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ត្រៀមបណ្តេញចេញនានា ដើម្បីធានាការពារសិទ្ធិ និងផ្តល់ច្រកឆ្លើយតបប្រកបដោយតម្លាភាព។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៣ចំណុច រួមមាន៖

១. ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់

២. ការចុះពិនិត្យ និងវាយតម្លៃរួមគ្នា

៣. ការចុះពិនិត្យ និងវាយតម្លៃរួមគ្នា ព្រមទាំងការងារមួយចំនួនទៀត។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង និងបានប្រកាសគាំទ្រពេញទំហឹងចំពោះសំណើទាំង ៣ចំណុច ក៏ដូចជាការងារដាក់ប្រអប់សំបុត្រទទួលពាក្យបណ្តឹងរបស់ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបន្ថែម នឹងត្រៀមខ្លួនរួចជាស្រេច និងជំនឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីកិច្ចពិភាក្សាដ៏មានអត្ថន័យនេះទៅ ស្ថាប័នទាំងពីរនឹងរឹតបន្តឹងកិច្ចសហការឱ្យកាន់តែរឹងមាំ និងទទួលបានវឌ្ឍនភាពប្រកបដោយផ្លែផ្កាជាវិជ្ជមាន។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានប្រគល់សៀវភៅអនុសញ្ញាប្រឆាំងទារុណកម្ម (CAT) និងពិធីសារបន្ថែមនៃអនុសញ្ញានេះ មួយចំនួនជូនទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីជាអនុស្សាវរីយ៍ និងជាឯកសារប្រភពសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារ។