| | |

លោក វ៉ឹក ចំរើន បានបន្តដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនជាប់ឃុំ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។

អនុវត្តតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានបន្តដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនជាប់ឃុំ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
នៅក្នុងការចុះត្រួតពិនិត្យនេះ គណៈប្រតិភូបានផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖

* ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានទូទៅ៖ ក្រុមការងារបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើអគារស្នាក់នៅ ផ្ទះបាយ បន្ទប់ទឹក និងអនាម័យទូទៅ ដើម្បីវាយតម្លៃថាតើទីកន្លែងទាំងនេះអនុលោមតាមស្តង់ដារអប្បបរមាសម្រាប់ការ ថែរក្សាជនជាប់ឃុំដែរឬទេ។
* ការពិនិត្យលើការរស់នៅប្រចាំថ្ងៃ៖ ពិនិត្យលើប្រព័ន្ធថែទាំសុខភាព និងការផ្តល់អាហារូបត្ថម្ភដល់ជនជាប់ឃុំ ថាតើមានភាពគ្រប់គ្រាន់ និងសមស្របតាមតម្រូវការរាងកាយដែរឬទេ។
* ការសម្ភាសន៍ និងការប្រមូលព័ត៌មាន៖ គណៈប្រតិភូបានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្ត្រីអនុរក្សពន្ធនាគារ ដើម្បីពិនិត្យមើលរបាយការណ៍ពាក់ព័ន្ធ និងផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង។ លើសពីនេះ ក្រុមការងារក៏បានធ្វើការសម្ភាសន៍ជាសម្ងាត់ និងធានាសុវត្ថិភាពជាមួយជនជាប់ឃុំដែលត្រូវបានដកហូតសេរីភាព ដើម្បីក្តាប់យកព័ត៌មានពិតពីស្ថានភាពនៃការរស់នៅ បញ្ហាប្រឈម និងដើម្បីធានាឱ្យបាននូវការបង្ការ និងទប់ស្កាត់រាល់ទម្រង់នៃអំពើទារុណកម្ម ឬការប្រព្រឹត្តឃោរឃៅ អមនុស្សធម៌ ស្របតាមអនុសាសន៍របស់អនុគណៈកម្មាធិការបង្ការទារុណកម្មអង្គការសហប្រជាជាតិ (SPT) និងបទដ្ឋានអន្តរជាតិនានា។

ជាការបន្តសកម្មភាពក្នុងថ្ងៃដដែល គណៈប្រតិភូ គ.ជ.ប.ទ បានឆ្លៀតឱកាសដ៏មានតម្លៃ ចុះសួរសុខទុក្ខនៅមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ឹក ចំរើន និងក្រុមការងារ បានជួបសំណេះសំណាលជាមួយអ្នកគ្រូៗ និងកុមារកំព្រាដែលកំពុងរស់នៅក្នុងមណ្ឌល ព្រមទាំងបាននាំយកនូវថវិកា និងអំណោយមួយចំនួនដូចជា នំចំណី អាហារ និងទឹកដោះគោ ដើម្បីចែកជូនដល់កុមារទាំងអស់ផងដែរ។ ក្រុមការងារក៏បានពិនិត្យមើលពីស្ថានភាពរស់នៅ និងស្វែងយល់ពីតម្រូវការជាក់ស្តែង ដោយបានធ្វើការសម្ភាសន៍ជាមួយគណៈគ្រប់គ្រងមណ្ឌល និងអនីតិជន ដើម្បីផ្តល់នូវអនុសាសន៍សំខាន់ៗពាក់ព័ន្ធនឹងការថែរក្សាសុខុមាលភាព សុវត្ថិភាព និងជាពិសេសការបង្ការកុំឱ្យមានការរំលោភបំពាន ឬការធ្វើទារុណកម្មណាមួយកើតឡើងនៅក្នុងមណ្ឌល ដែលនេះក៏ជាផ្នែកមួយនៃបេសកកម្មរបស់ គ.ជ.ប.ទ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក វ៉ឹក ចំរើន បានផ្តល់ជាការលើកទឹកចិត្ត និងជាជំនួយស្មារតីដល់កុមារទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ តស៊ូក្នុងជីវិត ដើម្បីចាប់យកឱកាសសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង និងសង្គមជាតិ។