| | |

ឯកឧត្តម ហ៊ី ព្រូ សមាជិក “គ.ជ.ប.ទ” បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពនៅខេត្តតាកែវ

ដោយអនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ឯកឧត្តម ហ៊ី ព្រូ សមាជិក “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខេត្តតាកែវ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ី ព្រូ សមាជិក “គ.ជ.ប.ទ” បានដឹកនាំក្រុមការងារចូលសម្តែងការគួសម និងពិភាក្សាការងារជាមួយ លោក ស៊ុត ខុន អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាល និងជាគណៈបញ្ជាការឯកភាពខេត្ត លោកប្រធានពន្ធនាគារ លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោកបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ នាយកទីចាត់ការអន្តរវិស័យ និងមន្ត្រីពាក់ព័ន្ធនៃសាលាខេត្តតាកែវ។

បន្ទាប់មក ឯឧត្តម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពិភាក្សាការងារជាមួយ លោក ឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរង តំណាង លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាយ នាយរងការិយាលពាក់ព័ន្ធ និងបានសម្ភាសន៍មន្ត្រីជំនាញដែលអនុវត្តការងារឃាត់ខ្លួន និងជនសង្ស័យ ។

នៅពេលរសៀល ឯកឧត្តម បានដឹកនាំក្រុមការងារដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពិភាក្សាការងារជាមួយ លោកឧត្តមអគានុរក្សថាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ និងមន្ត្រីជំនាញ។ ជាកិច្ចបន្ត ឯកឧត្តម និងក្រុមការងារ ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តីពន្ធនាគារ និងការអនុវត្តចំពោះជនជាប់ឃុំ ជួបសម្ភាសន៍មន្រ្តី និងជនជាប់ឃុំ ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ និងភាពជាក់ស្តែងរបស់ជនជាប់ឃុំ ក៏ដូចជាលទ្ធផលសម្រេចបាននានារបស់ពន្ធនាគារខេត្តតាកែវផងដែរ

នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦​ ឯឧត្តម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍​ឯក កែន វណ្ណៈ មេបញ្ជាការរង តំណាង លោកមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធ និងបានសម្ភាសន៍មន្ត្រីអនុវត្តការងារជំនាញដែលអនុវត្តការងារលើជនដែលត្រូវបានដកហូតសេរីភាព។

នៅពេលរសៀល ឯកឧត្តម បានដឹកនាំក្រុមការងារដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពិភាក្សាការងារជាមួយ លោក យាត ភក្តី អធិការរង នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ខេត្តតាកែវ និងមន្ដ្រីនគរបាលពាក់ព័ន្ធ និងបានផ្តល់អនុសាសន៍មួយចំនួន លើការកែលម្អបន្ទប់ឃាត់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងគោលការណ៍ស្តីពីសិទ្ធិមនុស្សក្នុងន័យបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់ ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តម ប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ណែនាំកែលម្អមួយចំនួនដល់ ស្នងការដ្ឋាននគរបាលខេត្ត ពន្ធនាគារខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអធិការដ្ឋានក្រុងដូនកែវ ដែលបាននិងកំពុងអនុវត្តបានល្អប្រសើរ និងមួយចំនួនទៀតត្រូវពង្រឹងបន្ថែមដើម្បីកែសម្រួល ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។