| | |

លោកឧត្តមសេនីយ៍ឯក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការធ្វើកោសល្យវិច័យស៊ើបអង្កេតបទល្មើស សម្រាប់មន្ត្រីនគរបាលជាតិ» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅអង្គភាពការពារកុមារ (CPU) ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

លោកឧត្តមសេនីយ៍ឯក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការធ្វើកោសល្យវិច័យស៊ើបអង្កេតបទល្មើស សម្រាប់មន្ត្រីនគរបាលជាតិ» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅអង្គភាពការពារកុមារ (CPU) ខេត្តកណ្តាល។

វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ មានសិក្ខាកាមសរុបចំនួន ៥០រូប មកពីបណ្តាអង្គភាពនានាចម្រុះ ដែលបានចូលរួមសិក្សា និងបញ្ចប់វគ្គដោយជោគជ័យ។

វគ្គសិក្សានេះផ្តោតសំខាន់លើ ការគ្រប់គ្រង និងការពារកន្លែងកើតហេតុ ការស្វែងរក ប្រមូល រក្សាទុក និងត្រួតពិនិត្យភស្តុតាងកោសល្យវិច័យ ការវិភាគ និងគ្រប់គ្រងខ្សែសង្វាក់នៃការរក្សាភស្តុតាង ព្រមទាំងវិធីសាស្ត្រស៊ើបអង្កេតបទល្មើសធ្ងន់ និងស្មុគស្មាញ។ ជាពិសេស សិក្ខាកាមបានសិក្សាលើការស៊ើបអង្កេតករណីឃាតកម្ម អគ្គិភ័យ គ្រឿងផ្ទុះ ការលាងសម្អាតប្រាក់ បទល្មើសមានការចាត់តាំង និងបទល្មើសធ្ងន់ផ្សេងៗ

ចំណេះដឹង និងបទពិសោធន៍ដែលមន្ត្រី គ.ជ.ប.ទ ទទួលបានពីវគ្គនេះ នឹងរួមចំណែកពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការសម្គាល់ កត់ត្រា និងវាយតម្លៃភស្តុតាង ពិសេសករណីដែលមានសញ្ញាសង្ស័យនៃអំពើទារុណកម្ម ឬការប្រព្រឹត្តមិនគប្បី។ ចំណេះដឹងទាំងនេះក៏នឹងត្រូវបន្តចែករំលែកដល់មន្ត្រីពាក់ព័ន្ធនៅលេខាធិការដ្ឋាន គ.ជ.ប.ទ ដើម្បីពង្រឹងសមត្ថភាពរួម និងគាំទ្រដល់ការអនុវត្តការងារបង្ការ និងទប់ស្កាត់អំពើទារុណកម្មឱ្យកាន់តែមានប្រសិទ្ធភាព។