| | |

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី លិខិតបទដ្ឋានជាតិ-អន្តរជាតិលើការងារបង្ការ ប្រឆាំងទារុណកម្ម និង តួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី លិខិតបទដ្ឋានជាតិ-អន្តរជាតិលើការងារបង្ការ ប្រឆាំងទារុណកម្ម និង តួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីភាព ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិក “គ.ជ.ប.ទ” តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានការអញ្ជើញចូលរួមដោយ លោក ម៉ែន កល្យាណ អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងមកពីសាលាដំបូងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចំណុះខេត្តស្វាយរៀងសរុបចំនួន ៣០០ រូប។

ជាកិច្ចចាប់ផ្តើម លោក ម៉ែន កល្យាណ បានមានមតិស្វាគមន៍ និងរាយការណ៍ជូនគណៈអធិបតីអំពីការអភិវឌ្ឍរីកចម្រើន និងសមិទ្ធិផលថ្មីៗសម្រេចបានក្នុងខេត្តស្វាយរៀង ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

លោក ម៉ែន កល្យាណ ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ សម្រាប់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ហើយបានណែនាំឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹង ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញការងារប្រចាំថ្ងៃជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល។

ឯកឧត្តម រ៉ូ ប៊ីនណៃ បានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនាពេលនេះ គឺជាវេទិការមួយដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អ សំដៅលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីអនុវត្តច្បាប់ និងតួរអង្គពាក់ព័ន្ធនានានៅក្នុងខេត្តស្វាយរៀង ឱ្យបានយល់ដឹងបន្ថែមអំពីលិខិតបទដ្ឋានជាតិ-អន្តរជាតិ លើការងារបង្ការ និងប្រឆាំងទារុណកម្ម, តួនាទីភារកិច្ច និងសិទ្ធិអំណាចរបស់ “គ.ជ.ប.ទ”។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលមានឯករាជ្យភាពក្នុងការបំពេញមុខងារ ដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល លើការងារប្រយុទ្ធប្រឆាំងទារុណកម្ម និងពង្រឹងកិច្ចការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ និងអំពើធ្វើទុក្ខបុកម្និញ ឬទណ្ឌកម្មផ្សេងទៀត។

ឯកឧត្តមបានបន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការអនុវត្តតួរនាទីភារកិច្ចរបស់ខ្លួនដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ដើម្បីប្រយុទ្ធប្រឆាំងទារុណកម្មគ្រប់ទម្រង់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា “រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងពោរពេញដោយសមត្ថភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងលិខិតតុបករណ៍អន្តរជាតិនានាដែលកម្ពុជាជារដ្ឋភាគី”។

ឯកឧត្តមបានបន្តថា ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋមួយដែលគោរពច្បាប់អន្តរជាតិខ្លាំងជាងគេក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ ជាក់ស្តែង កម្ពុជាបានចូលជារដ្ឋភាគីនៃលិខិតុបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សសំខាន់ៗចំនួន៨ ក្នុងចំណោម៩ ហើយបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ស្របតាមកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងពិធីសារបន្ថែមនៃអនុសញ្ញាប្រឆាំងទារុណកម្ម។

ឯកឧត្តមបានរលឹកថា ការអនុវត្តនីតិវិធី និងការបំពេញតួនាទីភារកិច្ចរបស់ “គ.ជ.ប.ទ” មិនមែនជាការយាយីការងាររបស់សមត្ថកិច្ចទេ ប៉ុន្តែគឺជាការការពារសមត្ថកិច្ចពីកំហុសឆ្គងផ្លូវច្បាប់ និងជួយបង្កើនជំនឿទុកចិត្តពីសារធារណៈជនក្នុងសង្គមនីតិរដ្ឋ។ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងទារុណកម្មនេះទទួលបានជោគជ័យ គឺយើងត្រូវការកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីតួអង្គសំខាន់ៗទាំងអស់ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីអនុវត្តច្បាប់ ហើយការរួបរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យបានទាំងស្រុងនូវទារុណកម្មគ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានថ្លែងកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ក្នុងវិស័យសិទ្ធិមនុស្ស។

ឯកឧត្តមបានអំពាវនាវឱ្យសិក្ខាកាមទាំងអស់ យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តជាក់ស្តែង និងផ្សព្វផ្សាយបន្តដល់មន្រ្តីថ្នាក់ក្រោមដែលពុំបានចូលរួមដើម្បីជាប្រយោជន៍ក្នុងការបំពេញតួនាទីភារកិច្ចតាមសមត្ថកិច្ចរៀងៗខ្លួន សំដៅបម្រើឧត្តមប្រយោជន៍របស់ប្រទេសជាតិយើងទាំងមូល។

ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ ជាពិសេស មន្រ្តីទទួលខុសត្រូវកន្លែងដកហូតសេរីភាព ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនអោយបានត្រឹមត្រូវក្នុងក្របខណ្ឌច្បាប់ មិនត្រូវប្រើប្រាស់កម្លាំងហួសប្រមាណដោយមិនសមហេតុផលឡើយ ដើម្បីជៀសវៀងកំហុសណាមួយដែលនាំអោយកើតមានអំពើទារុណកម្ម។

ចុងបញ្ចប់ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់គណៈបញ្ជាការរដ្ឋបាលខេត្តស្វាយរៀង ដែលបានផ្តល់កិច្ចសហប្រតិបត្តការបានយ៉ាងល្អប្រសើរនាពេលកន្លងមក ជាពិសេស កិច្ចសហការក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនេះ អោយប្រព្រឹត្តិទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា៕