ជំនួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងលេខាធិការដ្ឋាន គ.ជ.ប.ទ និងអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ)
នាថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានដឹកនាំមន្ត្រីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ)។
ក្នុងកិច្ចពិភាក្សា ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ពីគោលបំណងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមប្រធាន បានលើកឡើងអំពីការរៀបចំដាក់ “ប្រអប់សំបុត្រសម្រាប់ដាក់ពាក្យបណ្តឹង” នៅតាមមជ្ឈមណ្ឌលអប់រំ និងស្តារនីតិសម្បទានានា ដើម្បីធានាការពារសិទ្ធិ និងផ្តល់ច្រកឆ្លើយតបប្រកបដោយតម្លាភាព។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៣ចំណុច រួមមាន៖
១. ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរួមគ្នាលើការងារសិទ្ធិមនុស្ស ការប្រឆាំងទារុណកម្ម
២. ការគាំទ្រការព្យាបាល និងស្តារនីតិសម្បទាប្រកបដោយមនុស្សធម៌
៣. ការរៀបចំយន្តការសហប្រតិបត្តិការរយៈពេលវែង ដោយពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងការចាត់តាំងមន្ត្រីទំនាក់ទំនងសម្របសម្រួលការងារ។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង និងបានប្រកាសគាំទ្រពេញទំហឹងចំពោះសំណើទាំង ៣ចំណុច ក៏ដូចជាការងារដាក់ប្រអប់សំបុត្រទទួលពាក្យបណ្តឹងរបស់ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបន្ថែមនូវជំនឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីកិច្ចពិភាក្សាដ៏មានអត្ថន័យនេះទៅ ស្ថាប័នទាំងពីរនឹងរឹតបន្តឹងកិច្ចសហការឱ្យកាន់តែរឹងមាំ និងទទួលបានវឌ្ឍនភាពប្រកបដោយផ្លែផ្កាជាវិជ្ជមាន។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានប្រគល់សៀវភៅអនុសញ្ញាប្រឆាំងទារុណកម្ម (CAT) និងពិធីសារបន្ថែមនៃអនុសញ្ញានេះ មួយចំនួនជូនទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អ.ជ.ប.គ.ញ ដើម្បីជាអនុស្សាវរីយ៍ និងជាឯកសារប្រភពសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារ។








English
中文
Français
