គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានរៀបចំកិច្ចប្រជុំជំរុញពង្រឹងប្រសិទ្ធិភាពការងាររបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានរៀបចំកិច្ចប្រជុំជំរុញពង្រឹងប្រសិទ្ធិភាពការងាររបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ សម្បតិ្ត ប្រធានស្តីទី (គ.ជ.ប.ទ) ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន (គ.ជ.ប.ទ) ឯកឧត្តម លោកជំទាវ សមាជិក (គ.ជ.ប.ទ) ឯកឧត្តមប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ) លោក អនុប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធានផ្នែក និងប្រធានការិយាល័យជំនាញចំណុះលេខាធិការដ្ឋាន (គ.ជ.ប.ទ)។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ក់ សម្បត្តិ ប្រធានស្តីទី (គ.ជ.ប.ទ) បានមានប្រសាសន៍ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញពង្រឹងប្រសិទ្ធិភាពការងាររបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងស្តាប់អំពីលទ្ធផលការអនុវត្តការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តការងារបន្ត របស់លេខាដ្ឋាន (គ.ជ.ប.ទ) ព្រមទាំងពិនិត្យវាយតម្លៃ និងពិភាក្សាពីបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដើម្បីដាក់ចេញជាទិសដៅនាពេលខាងមុខ។
ជាកិច្ចបន្ទាប់ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ) បានរាយការណ៍អំពីលទ្ធផលការងារសម្រេចបាននាពេលកន្លងមក ក៏ដូចជាបញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ ជូនគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
ឯកឧត្តម ប្រធានស្តីទី (គ.ជ.ប.ទ) បានកោតសរសើរពីលទ្ធផលដែលបានសម្រេចកន្លងមក និងបានធ្វើការណែនាំដល់លេខាធិការដ្ឋានត្រូវយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ចំពោះទិសដៅបន្ត ត្រូវអនុវត្តឱ្យចេញជារូបរាង និងលទ្ធផលជាបន្តបន្ទាប់នាពេលខាងមុខនេះ។
ជាទីបញ្ចប់ ឯកឧត្តមប្រធានស្តីទី បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាន (គ.ជ.ប.ទ) ទាំងអស់ឱ្យបន្តរក្សាស្មារតីទទួលខុសត្រូវ ខិតខំបំពេញការងារ រក្សាសាមគ្គីភាពផ្ទៃក្នុង ជាពិសេសការអនុវត្តភារកិច្ចឱ្យសមស្របតាម លិខិតបទដ្ឋានគតិយុត្ត តាមឋានានុក្រម និងផែនការដែលបានកំណត់។ ការមានវិន័យក្នុងការងារ មានសីលធម៌ល្អក្នុងការនិយាយស្តីណែនាំគ្នា គឺគ្រឹះសំខាន់ក្នុងការសាមគ្គីភាព និងជំរុញការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ សម្រេចបានទៅតាមផែនការយុទ្ធសាស្រ្តដែលបានកំណត់ ស្របតាមតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។






































English
中文
Français
