| | |

ជំនួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងលេខាធិការដ្ឋាន “គ.ជ.ប.ទ” និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

ជំនួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងលេខាធិការដ្ឋាន គ.ជ.ប.ទ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

នាថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម «គ.ជ.ប.ទ» បានដឹកនាំមន្ត្រីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយលោក Anand Chand ប្រធានផ្នែកបង្ការ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) តំណាងលោកស្រី Matilda Bogner តំណាងការិយាល័យ OHCHR ប្រចាំកម្ពុជា។

ក្នុងកិច្ចពិភាក្សា ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានស្នើឱ្យ OHCHR បន្តគាំទ្រអ្នកជំនាញ ឬគ្រូឧទ្ទេសក៍ ព្រមទាំងសម្ភារៈបច្ចេកទេស សម្រាប់ការងារបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ និងបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេស និងអ្នកជំនាញក្នុងការរៀបចំក្របខណ្ឌច្បាប់សម្រាប់ យន្តការបង្ការថ្នាក់ជាតិ (NPM) ឱ្យស្របតាមគោលការណ៍ និងកាតព្វកិច្ចនៃពិធីសារបន្ថែមនៃអនុសញ្ញាប្រឆាំងទារុណកម្ម (OPCAT)។

ជាការឆ្លើយតប លោក Anand Chand បានសម្តែងនូវក្តីរីករាយ និងការគាំទ្រចំពោះផែនការការងារដែលឯកឧត្តមប្រធានបានលើកឡើង ដោយជឿជាក់ថា ស្ថាប័ននឹងឈានទៅសម្រេចបានសមិទ្ធផលកាន់តែប្រសើរ។ លោកក៏បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រតាមលទ្ធភាព រួមមានការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ ការគាំទ្រសម្ភារៈ និងជាពិសេសការផ្តល់អ្នកជំនាញ ដើម្បីចូលរួមបណ្តុះបណ្តាល និងកសាងសមត្ថភាពប្រកបដោយចីរភាព។

ជាកិច្ចបញ្ចប់ លោក Anand Chand បានផ្តល់សៀវភៅ អនុសញ្ញាប្រឆាំងទារុណកម្ម (CAT) ជូនឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ មួយចំនួន សម្រាប់ប្រើប្រាស់ និងចែកជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនាពេលខាងមុខផងដែរ។