លោក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្មនៅខេត្តកែប
អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នាថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្មនៅខេត្តកែប ដោយបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកែប ក្រោមការទទួលស្វាគមន៍ពីលោក ប៊ុន យោង អភិបាលរង នៃគណៈអភិបាលខេត្តកែប។
បន្ទាប់មក គណៈប្រតិភូបានបន្តចុះត្រួតពិនិត្យទីកន្លែងឃាត់ខ្លួនបណ្តោះអាសន្នចំនួន ២កន្លែង រួមមាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប និងអធិការដ្ឋាននគរបាលក្រុងកែប ដោយផ្តោតលើការពិនិត្យហេដ្ឋារចនាសម្ព័ន្ធ លក្ខខណ្ឌឃាត់ខ្លួន អនាម័យ ការថែទាំសុខភាព ការផ្គត់ផ្គង់ចំណីអាហារ និងការអនុវត្តនីតិវិធីឃាត់ខ្លួនស្របតាមច្បាប់។
ក្នុងឱកាសនោះ គណៈប្រតិភូក៏បានជួបពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តតួនាទី និងភារកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
បេសកកម្មនេះមានគោលបំណងតាមដាន និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមទីកន្លែងឃាត់ខ្លួន ព្រមទាំងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់ជនដែលត្រូវបានដកហូតសេរីភាព ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់អំពើទារុណកម្ម និងការប្រព្រឹត្ត ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោកសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់ជាតិ អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងទារុណកម្ម (UNCAT) និងពិធីសារបន្ថែមនៃអនុសញ្ញានេះ (OPCAT) ដែលកម្ពុជាជារដ្ឋភាគី៕
































English
中文
Français
