| | |

លោក វ៉ឹក ចំរើន បានដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យគោលដៅឃាត់ខ្លួនបណ្តោះអាសន្នរបស់មន្ត្រីនគរបាលយុត្តិធម៌សំខាន់ៗចំនួន ៣ កន្លែងនៅខេត្តកំពង់ស្ពឺ

អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យគោលដៅឃាត់ខ្លួនបណ្តោះអាសន្នរបស់មន្ត្រីនគរបាលយុត្តិធម៌សំខាន់ៗចំនួន ៣ កន្លែង រួមមាន៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងអធិការដ្ឋាននគរបាលក្រុងច្បារមន។

គោលបំណងនៃការចុះពិនិត្យនារសៀលនេះ គឺដើម្បីជួបសំណេះសំណាល និងផ្តល់ជាអនុសាសន៍ណែនាំដ៏មានសារៈសំខាន់ដល់មន្ត្រីអនុវត្តច្បាប់ ជាពិសេសមន្ត្រីជំនាញនគរបាលយុត្តិធម៌ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវនិងប្រកបដោយវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានពិនិត្យមើលកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីធានាថាបានរៀបចំត្រឹមត្រូវស្របតាមស្តង់ដារ និងបានធ្វើការសម្ភាសន៍ដោយផ្ទាល់ជាមួយមន្ត្រីពាក់ព័ន្ធ ព្រមទាំងបានចុះសម្ភាសន៍ជនសង្ស័យដែលត្រូវបានដកហូតសេរីភាពផងដែរ ដើម្បីតាមដាន និងវាយតម្លៃពីការអនុវត្តជាក់ស្តែងនៅតាមកន្លែងឃាត់ខ្លួន។

សកម្មភាពទាំងនេះ ធ្វើឡើងដើម្បីធានាថា រាល់ការប្រព្រឹត្តទៅនៃនីតិវិធីឃាត់ខ្លួន ការសួរចម្លើយ និងការគ្រប់គ្រងជនសង្ស័យ គឺត្រូវបានអនុវត្តស្របតាមបទដ្ឋានគតិយុត្ត ធានាបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម និងស្របតាមគោលការណ៍អន្តរជាតិនៃ អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងទារុណកម្ម (UNCAT) និង ពិធីសារបន្ថែមនៃអនុសញ្ញានេះ (OPCAT) ដែលកម្ពុជាជារដ្ឋភាគី។