ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ នៃលេខាធិការដ្ឋាន គ.ជ.ប.ទ បានចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះ លោក Anand Chand ប្រធានផ្នែកបង្ការ (OHCHR) ចំពោះការបន្តគាំទ្រកិច្ចការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មនៅកម្ពុជា។
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ នៃលេខាធិការដ្ឋាន គ.ជ.ប.ទ បានចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះ លោក Anand Chand ប្រធានផ្នែកបង្ការ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ចំពោះការបន្តគាំទ្រកិច្ចការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មនៅកម្ពុជា។
ក្នុងឱកាសនោះ ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ បានទទួលសៀវភៅ និងឯកសារបច្ចេកទេសសរុបចំនួន ៣៦០ក្បាល រួមមាន៖
• អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម ចំនួន ២០០ក្បាល
• វិធានបទដ្ឋានអប្បបរមារបស់អង្គការសហប្រជាជាតិ ស្តីពីការប្រព្រឹត្តចំពោះជនជាប់ឃុំ ចំនួន ១០០ក្បាល
• ច្បាប់សិទ្ធិមនុស្សនៅកម្ពុជា៖ កម្រងសន្ធិសញ្ញាអង្គការសហប្រជាជាតិដែលអនុវត្តចំពោះកម្ពុជា ចំនួន ៥០ក្បាល
• ពិធីសារអ៊ីស្តង់ប៊ុល ៖ សៀវភៅណែនាំស្តីពីការស៊ើបអង្កេត និងការចងក្រងឯកសារប្រកបដោយប្រសិទ្ធភាពអំពីទារុណកម្ម និងការប្រព្រឹត្ត ឬការដាក់ទណ្ឌកម្មឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ចំនួន ១០ក្បាល។
ជាមួយគ្នានេះ ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ ក៏បានជម្រាបជូនលោក Anand Chand អំពី វឌ្ឍនភាពការងារដែល គ.ជ.ប.ទ កំពុងអនុវត្តជាក់ស្តែង ដោយផ្តោតលើការពង្រឹង យន្តការបង្ការ និងការពារពីអំពើទារុណកម្ម និងការប្រព្រឹត្តមិនគប្បី តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ការរៀបចំប្រព័ន្ធទំនាក់ទំនង និងការបញ្ជូនព័ត៌មាន ការចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព ការសម្ភាសន៍ជនដែលត្រូវបានដកហូតសេរីភាព ការផ្តល់អនុសាសន៍កែលម្អ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីពាក់ព័ន្ធ ឱ្យអនុវត្តការងារស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។ សកម្មភាពទាំងនេះ ក៏ត្រូវបានរៀបចំ ដើម្បីឱ្យព័ត៌មាន ទិន្នន័យ និងលទ្ធផលដែលទទួលបានពីការអនុវត្តជាក់ស្តែង អាចយកទៅប្រើប្រាស់សម្រាប់ ការឆ្លើយតប និងតាមដានវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍របស់អនុគណៈកម្មាធិការបង្ការទារុណកម្មអង្គការសហប្រជាជាតិ និងជាធាតុចូលលើការងាររបាយការណ៍ជាតិផងដែរ។









English
中文
Français
